កិច្ចពិភាក្សាជាមួយក្រសួងទេសចរណ៍អំពីការរៀបចំមហាសន្និបាត ឆ្នាំ២០២៦
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Mark Howarth Archer តំណាងក្រុមហ៊ុន G Adventures ដឹកនាំដោយសមាគមទេសចរណ៍កម្ពុជា (CATA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុន (GX Summit 2026) នៅទីស្តីការក្រសួងទេសចរណ៍។ក្នុងឱកាសនោះ ភាគីក្រុមហ៊ុន G Adventures បានគោរពស្នើសុំការគាំទ្រ និងសម្របសម្រួលពីក្រសួងទេសចរណ៍ លើការរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់ និងជំនួបប្រតិបត្តិករទេសចរណ៍សកលលោក (GX Summit 2026) នៅកម្ពុជា រួមមានការផ្តល់ទីតាំងសម្រាប់រៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនៅវត្តភ្នំ និងការរៀបចំដំណើរទស្សនាប្រាសាទនានា ក្នុងខេត្តសៀមរាប។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន ក្នុងការជ្រើសរើសកម្ពុជាជាទីតាំងរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ព្រមទាំងបានបញ្ជាក់ពីការគាំទ្រ និងឯកភាពលើសំណើរបស់ក្រុមហ៊ុន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានសក្តានុពលខ្ពស់សម្រាប់ការធ្វើដំណើរ វិនិយោគ និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ដោយមានជំនឿថា ការរៀបចំ GX Summit 2026 នៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងពង្រីកការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ (កម្មវិធីជំនួបដៃគូសហប្រតិបត្តិការអន្តរជាតិ លើកទី១៣ ឆ្នាំ២០២៦)