ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥
ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ទឹកធ្លាក់ថ្មដាតូច ឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១៥០០ កំពុងទទួលបាន ការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រក ព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ។ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយ រ៉បនឹងសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី។ ភ្ញៀវទេសចរ នឹងបាន ឃើញ ទឹកហូរលើជម្រាលថ្ម ជាដំណាក់ៗដូចកាំជណ្ដើរ ដែលផ្ដល់ភាពងាយស្រួលងូតទឹកកម្សាន្ដ ដល់ភ្ញៀវទេសចរ អមដោយទេសភាពព្រៃព្រឹក្សា ។ បច្ចុ្បន្នប្រជាសហគមន៍មូលដ្ឋានមានការយល់ដឹងខ្ពស់ទៅលើធនធានធម្មជាតិក្នុងនេះពិសេសពួកគាត់ដែលធ្លាប់តែចូលព្រៃកាត់ឈើបរបាញ់សត្វ នោះបានងាកមកចូលរួមអភិរក្សដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ ដែលជាប្រភពរកចំណូលមិនចេះរីងស្ងួតរបស់ប្រជាសហគមន៍។ ទន្ទឹមជាមួយការចូលរួមអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃពួកគាត់ក៏បាននាំគ្នាចូលរួមថែរក្សាអនាម័យដើម្បីវិស័យទេសចរណ៍យ៉ាងសំខាន់របស់ពួកគាត់ទៀតផង។ប្រជាហគមន៍ក្រៅពីទុកដាក់សំរាមយ៉ាងមានរបៀបរៀបរយហើយ ក៏នាំគ្នាសម្អាតអនាម័យទាំងតាមមូលដ្ឋានរស់នៅ និងពិសេសតំបន់ទេសចរណ៍តែម្តង។ រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចជាទីកម្សាន្តមួយកន្លែងបែបធម្មជាតិដែលអ្នកទេសចរបានមកកម្សាន្តមានក្តីរំភើបជាមួយទស្សនីយភាពគ្មានពីរក្នុងទឹកដីភ្នំ១៥០០មួយកន្លែងនេះ ក្រៅពីនេះវាក៏ជាទីកន្លែងសម្រាកលំហែកាយមួយដែលមិនចេះនឿយណាយ និងប្រកបដោយភាពសុខដុមរមនាគ្មានគូប្រៀប។ គួរបញ្ជាក់ថានាពេលថ្មីកន្លងមកនេះអ្នកសារព័ត៌មានមកពី ១៥ស្ថាប័ន និងមានចំនួន ២០នាក់ ក្នុងប្រទេសកម្ពុជាបានទទួលចំណេះដឹងដើម្បីពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាពជីវភាពប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលបានអនុវត្តកម្មវិធី និងយុទ្ធសាស្រ្តនានា ដូចជាកម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ៕
