ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥
ខេត្តពោធិ៍សាត់
អូរសោមជាឃុំមួយស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ អូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ការទេសចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗផងដែរ។ ពីអតីតកាលឃុំអូរសោមបើទោះបីស្ថិតនៅលើខ្នងភ្នំ ហើយគ្មានផ្លូវឡើងទៅយ៉ាងណាក្តី តែក៏មានជនជាតិដើមភាគតិចតាំងទីលំនៅ និងរស់នៅទីនោះតាំងពីយូរលង់ណាស់មកហើយ។ លុះក្រោយមកដោយសារដីតំបន់នោះមានអំណោយផលខ្ពស់សម្រាប់ការធ្វើចម្ការ ក៏មានប្រជាពលរដ្ឋពីតំបន់នានា ធ្វើចំណាកស្រុកទៅរស់នៅទីតាំងនោះផងដែរ។ ការរស់នៅរបស់ប្រជាពលរដ្ឋលើខ្នងភ្នំក្នុងឃុំអូរសោម ជួបការលំបាកជាខ្លាំង ព្រោះអត់មានផ្លូវសម្រាប់ធ្វើដំណើរ គ្មានបណ្តាញទឹក គ្មានអគ្គិសនី គ្មានសាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការរស់នៅដទៃទៀត។ ឃុំអូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់មួយ ដែលអមដោយជួរភ្នំ ព្រៃព្រឹក្សា និងទឹកជ្រកជាដើម ជាអំណោយផលខ្ពស់សម្រាប់អ្នកទេសចរចង់ផ្សារភ្ជាប់ជីវិតនឹងធម្មជាតិ។ អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយសមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។
ការស្រូបទាញបានអ្នកទេសចរ និងសម្រួលដល់ការរកទីផ្សារសម្រាប់កសិផលក្រោយមានផ្លូវជាតិលេខ១០ ក៏បានជួយកែប្រែជីវភាពរបស់ប្រជាពលរដ្ឋនៅឃុំអូរសោម ឱ្យបានល្អប្រសើរជាងមុនផងដែរ។ឃុំអូរសោមមិនតែរីកមុខរីកមាត់ជាមួយផ្លូវជាតិលេខ១០ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈប្រែក្លាយអូរសោមឱ្យកាន់តែស្រស់បំព្រងនោះ អាជ្ញាធរក៏បានតបណ្តាញអគ្គិសនី រៀបចំប្រព័ន្ធទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត មានដូចជាផ្លូវបេតុងជាដើម សម្រាប់សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាស្នាក់នៅដល់អ្នកទេសចរ។សមិទ្ធផលកើតមានជាក់ស្តែងលើទឹកដីនៃខេត្តពោធិ៍សាត់ទាំងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ក៏ដូចជាសមិទ្ធផលជាច្រើនទៀត កើតមានក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជានេះ បាននាំឱ្យប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ពេញចិត្ត និងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា។ ពួកគេរំពឹងថា វត្តមានបក្សប្រជាជនកម្ពុជាលើនាវាកម្ពុជា នឹងបន្តធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន និងរុងរឿង៕
