ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ខេត្តសៀមរាប
ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ។
ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះបាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយបើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមា តារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីតា។
បើតាមឮអ្នកស្រុកហៅប្រាសាទនេះ ជួនថា "តាព្រហ្ម" ជួនថា "បន្ទាយតាព្រហ្ម"។ ការហៅថា "បន្ទាយតាព្រហ្ម" គឺសំដៅទៅលើប្រាសាទនេះមានកំពែងព័ទ្ធជុំវិញ។ រីឯការហៅថា "តាព្រហ្ម" ជាឈ្មោះដែលនិយមហៅឥឡូវ ហើយតាមការយល់របស់អ្នកស្រុក គឺសំដៅលើតាព្រហ្មដែលមានមុខបួន។ ប៉ុន្តែទោះជាយ៉ាងណា ក៏ប្រាសាទនេះមានឈ្មោះដើមជាភាសាសំស្ក្រឹតមួយដែរថា រាជវិហារ។
បច្ចុប្បន្នប្រាសាទដែលមានអាយុកាលជាង៩០០ឆ្នាំក្នុងរមណីយដ្ឋានអង្គរមួយនេះ បានទាក់ទាញបេះដូងភ្ញៀវជាតិ និងអន្តរជាតិឱ្យស្ងើចសរសើរមិនដាច់ពីមាត់ថាជាប្រាសាទដ៏អស្ចារ្យដែលមានដើមឈើធំៗដុះខាងក្នុងនិងលើកំពូលប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះនិងជ្រៀតចូលតាមជញ្ជាំងគួរឱ្យទស្សនា។ លើសពីនោះទៀត ប្រាសាទក៏មានក្បាច់ក្បូរចម្លាក់ដ៏ល្អវិចិត្រផងដែរ។
ប្រាសាទតាព្រហ្មកសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀមមានកំពែងប្រាំជាន់ និងមានប្រាង្គប្រាសាទចំនួន៣៩ដោយកំពែងខាងក្រៅរបស់ប្រាសាទមានប្រវែង៧០០ម៉ែត្រ គុណនឹង១០០០ម៉ែត្រ រីឯនៅខាង ជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអគាររបាំមួយដែលប្រាសាទតាព្រហ្មនេះត្រូវបានគេចាត់ទុកផងដែរថាជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រស្ថិតក្រោមការគ្រប់គ្រងរបស់ក្សត្រិយ៍ឥន្ទ្រទេវី នាសម័យ កាលនោះ។
ប្រាសាទតាព្រហ្ម ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីរាងបួនជ្រុងទ្រវែង បណ្តោយ ១០០០ម៉ែត្រ ពីលិចទៅកើត ទទឹង៦៧០ម៉ែត្រពីជើងទៅត្បូង និងមានផ្ទៃក្រឡា ៦៧ហិចតា គិតផ្ទៃកំពែងខាងក្រៅ និងហ៊ុំព័ទ្ធទៅដោយកំពែង៥ជាន់ និងមានប្រាង្គសរុបចំនួន ៣៩កំពូល។
គួររំលឹកផងដែរថា ប្រាសាទតាព្រហ្ម ត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ ដើមស.វ ទី១២ គ.ស.១១៨៦ អំពីថ្មបាយក្រៀម និងថ្មភក់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនា មហាយាន។ ដែលពីមុនប្រាសាទនេះជាទីអារាមផង និងជាសាកលវិទ្យាល័យផហងដែលមានឈ្មោះថា រាជ្យវិហារ ។ ព្រះបាទជ័យវរ្ម័នទី៧បានកសាងព្រះបរមរូប ជាមាតាតំណាងដោយ បារមីតា។ ព្រមទាំងរូបស្តេចព្រះគ្រូ និងរូបផ្សេងៗចំនួន២៦០រូប។
គោបុរៈទាំង៤ ទិសរបស់កំពែងខាងក្រៅ ហ៊ុំព័ទ្ធដោយកំពែងថ្មបាយក្រៀម ហើយប្រាង្គ(កំពូល) មានព្រហ្មមុខបួនបែទៅរកទិសទាំងបួនដែរ។ ចំណែកសិលាចារឹកមួយផ្ទាំងមានទំហំ ០,៦០ម គុណនឹង ០,៦០ម គុណនឹង ២,៤០ម បានចារឹកអក្សរនៅគ្រប់ជ្រុងទាំងបួនដែរ ដែលក្នុងមួយជ្រុងមានអក្សរចំនួន៧៣បន្ទាត់ បានប្រែនៅឆ្នាំ១៩០៦ បានឱ្យដឹងថា ព្រះបាទជ័យវរ្ម័នទី៧ បានត្រាស់បង្គាប់ឱ្យគេឆ្លាក់សិលាចារឹកនេះឡើង ដោយមានអត្ថន័យថា៖ ប្រាសាទតាព្រហ្មជាទី មនសិការដល់ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះពោធិសត្វ អវលោកេស្វេរៈ និងទ្រង់ធ្វើសឹកសង្រ្គាមមានជ័យជំនះ និងនិយាយប្រាប់អំពីការកសាងប្រាសាទទាំងឡាយដែលទ្រង់បានកសាង។
បើតាមសិលាចារឹកបានបញ្ជាក់ថាប្រាសាទតាព្រហ្ម មានភូមិចំណុះ ចំនួន ៣១៤០ភូមិ និងមានមនុស្សនៅថែរក្សាចំនួន ១២.៦៤០នាក់ ក្នុងចំណោមមនុស្សទាំងនោះរួមមាន៖
– ជាអធិការ ១៨រូប
– ជាមេគណៈ ១៩៤០រូប
– ជាអ្នកគាល់បំរើ ២២៣២ នាក់
– ជាស្រីរបាំ ៦១៥
ចំណែកគ្រឿងប្រដាប់ប្រដារសម្រាប់ប្រើប្រាស់ក្នុងប្រាសាទរួមមាន៖
– ចានអំពីមាស ទម្ងន់ ៥តោន
– ចានអំពីប្រាក់ ទម្ងន់ប្រហាក់ប្រហែលគ្នា
– មានពេជ្រ ទាំងគ្រាប់ ចំនួន ៣៥គ្រាប់
– មានផ្ទិលមួយធំ រនាំងស្រុកចិន ៩៦៥
– គ្រែធ្វើដោយព្រែ ៥១២
– ក្លោះ ៥២៣
– មន្ទីរពេទ្យ ចំនួន ១០២
ចំណែកស្បៀងអាហារគ្រប់បែបយ៉ាងដូចជា អង្គរ ទឹកដោះគោ ស្ក ប្រេង និងគ្រាប់ផ្សេងៗ ដែលប្រើប្រាស់ក្នុងការបូជារាល់ថ្ងៃ ក្នុងពិធីបុណ្យមានទឹកដោះគោ ទឹកឃ្មុំ ប្រេងល្ង ក្រមួន ខ្លឹមច័ន្ទ ។ល។ គ្រឿងចីវរ ២៣៨៧ សំរាប់ទ្រង់ថ្វាយព្រះរូបទាំងអស់៕
ឆ្លងតាមអាយុកាល គ្រោះធម្មជាតិ និងសង្គ្រាមផងនោះ បានធ្វើឱ្យប្រាសាទនេះរងនូវការខូចខាតដោយអន្លើ តែអាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមការងារស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលប្រាសាទតាព្រហ្មនេះឡើងនៅខែកុម្ភៈ ឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន ដើម្បីលើកតម្លៃយថាភាព បុរាណភាព និងការអភិរក្សលក្ខណៈចម្រុះដ៏ល្អឯកនៃដើមឈើ និងសំណង់ថ្មនៅក្នុងប្រាសាទ ព្រមទាំងកេរតំណែលនេះជូនមនុស្សជំនាន់ក្រោយ។
គម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដែលមានអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) បានធ្វើការជួសជុលផ្នែកផ្សេងៗនៃប្រាសាទតាព្រហ្មតាំងពីឆ្នាំ២០០៤មក។ រយៈពេល១០ឆ្នាំ ដែលជាជំហានទី១នៃគម្រោង (២០០៤-២០១៤) ក្រុមការងារសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបតំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ។
លោក D.S. Sood ទីប្រឹក្សាបច្ចេកទេសប្រចាំការដ្ឋានជួសជុលប្រាសាទតាព្រហ្មនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI បញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ ក្រុមការងារបានបន្តជួសជុលសាលរបាំ ហើយគ្រោងនឹងជួសជុលទៅលើចំណុចសំខាន់៤ផ្សេងទៀតគឺ នៅជ្រុងខាងត្បូងសាលរបាំ ខ្លោងទ្វារចូលខាងកើត ខ្លោងទ្វារចូលខាងត្បូង និងរួតទី៣មុខផ្លូវបំបែក។ លោកបន្ថែមថា ក្រៅពីការជួសជុលតាមគម្រោងដែលគ្រោងទុក ក្រុមការងាររបស់លោកក៏បានបំពេញកិច្ចការផ្សេងៗទៀត លើការងារអភិរក្ស ទល់ទ្រ និងថែទាំជាប្រចាំនូវរាល់រចនាសម្ព័ន្ធផ្សេងៗនៃប្រាសាទតាមស្ថានភាពជាក់ស្តែង ដោយសហការជាមួយក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា។
ដោយឡែក សាលរបាំ ដែលបានរងការខូចខាតស្ទើរទាំងស្រុង ហើយភ្ញៀវទេសចរមិនអាចធ្វើដំណើរឆ្លងកាត់បាននាពេលកន្លងមក បានជួសជុលរួចរាល់ក្នុងឆ្នាំ២០១៩។ លោក Sood បន្ថែមថា សូម្បីការជួសជុលក៏ពុំមែនធ្វើទាំងស្រុងនោះដែរ ដោយផ្នែកខ្លះនៃភាពខូចខាតនេះនឹងត្រូវអភិរក្សទុក ដើម្បីឲ្យអ្នកស្រាវជ្រាវនិងភ្ញៀវទេសចរបានឃើញថា ផ្នែកណាខ្លះត្រូវបានជួសជុល និងផ្នែកណាខ្លះត្រូវបានរក្សាទុក។ ម្យ៉ាងទៀត ដោយមូលហេតុដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំដុះពីលើ ផ្នែកខ្លះនៃប្រាសាទនេះ ក៏ត្រូវបានរក្សាទុកមិនធ្វើការជួសជុលដែរ ដើម្បីបញ្ជៀសការកាប់ដើមឈើប្រវត្តិសាស្ត្រទាំងនេះ។ តែទោះជាមិនបានជួសជុល ក្រុមការងារបានថែទាំនិងករពារមិនឲ្យមានការខូចខាតបន្តទៀតឡើយ។
លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលបញ្ជាក់ថា ដើមឈើនិងប្រាសាទតាព្រហ្មមានទំនាក់ទំនងនឹងគ្នាខ្លាំងណាស់ រហូតភ្ញៀវទេសចរនិងអ្នកស្រាវជ្រាវខ្លះបានហៅប្រាសាទនេះថា ជាប្រាសាទដើមឈើ។ ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្ម ភាគច្រើនគឺចង់ឃើញដើមឈើធំៗដែលដុះលើប្រាសាទ និងរួមរស់ជាមួយប្រាសាទរាប់រយឆ្នាំ។ កត្តាទាំងនេះហើយ ដែលតម្រូវឲ្យក្រុមការងារអភិរក្សជួសជុលគិតគូរទាំងប្រាសាទ ទាំងដើមឈើ៕
