ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
រាជធានីភ្នំពេញ
ព្រះវិហារព្រះកែវមរកត គឺជាវិហារពុទ្ធសាសនា ដែលមានទីតាំងនៅភាគខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តនេះត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ (១៨៨៥-១៩០២) តាមលំនាំស្ថាប័ត្យកម្មខ្មែរបុរាណសុទ្ធសាធ នៃសំណង់ឈើក្នុងរាជ្យព្រះបាទនរោត្ដម ក្រោយមកត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ ១៩៦២ ក្នុងរាជ្យព្រះមហាក្សត្រីយានីស៊ីសុវត្ថិ កុសមៈ ។ "ព្រះវិហារកែវមរកត" ជាព្រះវិហារដែលរក្សាទុកដាក់នូវរតនសម្បត្តិជាតិជាច្រើនមានដូចជា ៖ ព្រះពុទ្ធបដិមាសាងអំពីមាស ប្រាក់ សំរិទ្ធ និង រតនៈវត្ថុជាច្រើនទៀត ជាពិសេសគឺ បដិព្រះពុទ្ធបដិមាធ្វើពីត្បូងមរកត ដែលអ្នកគ្រប់គ្នាហៅថា ព្រះកែវមរកត ហើយព្រះពុទ្ធបដិមាធ្វើពីត្បូងមរកត ស.វទី១៤ ក្នុងរាជស្ដេចលំពែងរាជា យកមកប្រសិទ្ធីក្នុងពិធីស្រង់ព្រះតែមួយលើកគត់ក្នុងឆ្នាំ១៩៦៥ និងការបាត់បង់ពិតប្រាកដនៅក្នុងសម័យសង្គ្រាមកម្ពុជា (១៩៧០-១៩៧៩) ។ សព្វថ្ងៃនេះវត្តព្រះកែវមរកតគឺជាកន្លែងដែលទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាកន្លែងសាសនាដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ព្រះកែវមរកត (អង់គ្លេស: Emerald Buddha) (ថៃ: พระแก้วมรกต) (Kh-pronoun: Preah Keo Morokot) ដែលកំពុងស្ថិតនៅប្រទេស ស្រីលង្កា (អង់គ្លេស: Sri Lanka) ក្នុងរាជស្ដេច "លង្កស្សរាជ" ដែលបានតម្កល់ បដិមា (Statue) "ព្រះកែវមរកត" ក្នុងមហាវិហារ មេឃគិរី ដែលជាទីសិក្សាសំណាក់ធម៌យ៉ាងធំ ហាក់ដូចជា មហាវិទ្យាល័យ បរិយត្តិធម៌ក្នុងសម័យនោះ ។ គ្រានោះដែលមានស្ដេចភូមា (បច្ចុប្បន្នជាប្រទេស មីយ៉ាន់ម៉ា) ព្រះនាម "អនុរុទ្ធ" (អង់គ្លេស: Anawrahta) ទ្រង់បានធ្វើបដិសណ្ឋារៈ រឹតចំណងការទូតសាសនា ជាមួយស្ដេច "លង្កស្សរាជ" ទ្រង់បានសុំចំចម្លង ព្រះត្រៃបិដក ជាភាសាបាលី ១ចប់ និងប្រែជាភាសាលង្កា ១ចប់ទៀត ហើយព្រះអង្គសូមរតនា សុំព្រះកែវមរកត ជាទីគោរពរំលឹកដល់ពុទ្ធសាសនាផងដែរ ហើយព្រះបាទ លង្កស្សរាជ ក៏យល់ព្រមថ្វាយតាមសំណើរនេះ ។ កាលបើចម្លងចប់ហើយ ព្រះបាទ អនុរុទ្ធ ក៏បញ្ជូនព្រះត្រៃបិដក ជាភាសាបាលី ដាក់សំពៅ ១ និង ឱ្យជញ្ជូន ព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត ដាក់សំពៅ ១ទៀត រីឯ ព្រះអង្គទ្រង់គង់នៅសំពៅ ដែលដាក់ព្រះត្រៃបិដកបាលី សំពៅទាំង២ បានបើកចាកចេញពីកោះលង្កា កាត់តាមមហាសមុទ្រឥណ្ឌា (អង់គ្លេស: India Ocean) សំដៅមកប្រទេសភូមា តែកាលមកដល់កណ្ដាលសមុទ្រ សំពៅទាំង២ បានជួបព្យុះបក់បោក សំពៅដែលផ្ទុកព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត បានរសាត់មកដល់ត្រោយសមុទ្រ ត្រង់ខែត្របន្ទាយមាសនៃ អាណាចក្រខ្មែរ ភាគខាងត្បូង ។ ក្រមការខែត្រចាប់សំពៅនេះបាន ក៏នាំយក ព្រះត្រៃបិដកសម្រាយ ព្រមទាំង បដិមា ព្រះកែវមរកត មកថ្វាយព្រះមហាក្សត្រខ្មែរព្រះនាម "សូរ្យវរ្ម័នទី១" (អង់គ្លេស: Suryavarman I) នៅក្រុង "ស្រីយសោធរៈបុរៈ" (អង់គ្លេស: Yashodharapura) ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ ១០៤០ នៃគ.សករាជ ។ ក្រោយមកក្នុងរវាងឆ្នាំ ១០៤៤ នៃគ.សករាជ ព្រះបាទ អនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបំរើនាំរាជសារមកស្នើសុំយករបស់ទាំងនេះត្រឡប់ទៅវិញ ព្រះបាទ សូរ្យវរ្ម័នទី១ ក៏យល់ព្រមប្រគល់រាល់របស់ដែលបានមកពីសំពៅនោះទៅវិញទាំងអស់ លើកលែងតែបដិមា ព្រះកែវមរកត ទ្រង់សូមរក្សាទុកក្នុងព្រះនគរ ដើម្បីជាការគោរពបូជា ដូចនេះ បដិមា ព្រះកែវមរកត បានស្ថិតក្នុងប្រទេសកម្ពុជាដោយអាការយ៉ាងនេះ
