ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥
ខេត្តពោធិ៍សាត់
បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមានចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៩៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយធ្វើដំណើរចេញពីទីរួមខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ៥៥ និងបន្តដំណើរ២គីឡូម៉ែត្រទៀតទើបដល់បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ។សូមបញ្ជាក់ថា ភាពល្បីល្បាញ និងពូកែស័ក្កិសិទ្ធ របស់លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងនឹងក្រៅប្រទេស ដែលបានធ្វើដំណើរឆ្លងកាត់ខេត្តម្តងម្កាល តែងតែចូលគោរពអុជធូបបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីបារមីលោកឧកញ៉ា ស្ទើរតែគ្រប់ៗគ្នា ទោះបីរូបរាងកាយរបស់លោក បានផុតរលត់ក៏ដោយ។ ដូច្នេះហើយទើបបានជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ មិនដែលអាក់ខាន ដើម្បីរំលឹកនូវគំរូវីរភាពដ៏អង់អាច ក្លាហាន ដល់មនុស្សជំនាន់ក្រោយផង និងសុំសេចក្ដីសុខសេចក្ដីចម្រើនផង៕
