ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥
ខេត្តកំពង់ចាម : រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន
រមណីយដ្ឋានឆ្នេរខ្សាច់កោះបែ៉ន ដែលស្ថិតក្នុងទឹកដីខេត្តកំពង់ចាម ត្រូវបានអភិវឌ្ឍក្លាយជាតំបន់ទេសចរណ៍ដែលកាន់តែគួរឱ្យទាក់ទាញបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺក្រោយពេលមានស្ពានបេតុង។រមណីយដ្ឋានធម្មជាតិនេះ មានចម្ងាយប្រហែលតែ ១៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ដែលងាយស្រួលធ្វើដំណើរទៅមកវិលល្ងាច។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ ពោលគឺអាចបើកបររថយន្តឆ្លងកាត់ស្ពានបេតុងតែម្តង ដែលបានសម្ពោធកាលពីឆ្នាំ២០១៨។សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនដែលអាចដក់ជាប់ក្នុងអារម្មណ៍ភ្ញៀវទេសចរមានដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។ឆ្នេរកោះប៉ែន ជាតំបន់កម្សាន្តដែលសម្បូរទៅដោយបរិយាកាសបរិសុទ្ធឆ្នេរខ្សាច់ពណ៌សដ៏វែងស្រស់ស្អាត ជាមួយនឹងស្ពានធ្វើឈើឫស្សី ដ៏ស្រស់ត្រកាល សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។