ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥
ខេត្តពោធិ៍សាត់
ធ្វើដំណើរលើផ្លូវជាតិ ៥៥ ដែលលាតសន្ធឹងពីក្រុងពោធិ៍សាត់ ដល់ឃុំថ្មដាជាប់ព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ ប្រវែងជាង ១៨០ គីឡូម៉ែត្រនិងចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ភ្ញៀវទេសចរនឹងបានឃើញស្លាកសញ្ញាមួយនៅខាងឆ្វេង ដែលចង្អុលបង្ហាញពីគោលដៅរមណីយដ្ឋានល្បាក់កំរោញ កំពុងរង់ចាំវត្ដមានរបស់ភ្ញៀវឆៀងចូលលេងកម្សាន្ត។
រមណីយដ្ឋានល្បាក់កំរោញស្ថិតក្នុងភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញខេត្ដពោធិ៍សាត់ រំលេចនូវភាពស្រស់បំព្រងនៃព្រៃឫស្សីតូចៗ ដែលដុះទេរត្របាញ់ចូលគ្នា បង្កើតបានជាដំបូលឫស្សីដ៏ត្រជាក់ សម្រាប់ការអង្គុយលម្ហែមុនពេលដើរ ចុះមាត់ទឹក។ បន្ទាប់ពីទៅលេងកម្សាន្ដនៅរមណីយដ្ឋានល្បាក់កំរោញ ភ្ញៀវទេសចរកុំភ្លេចបង្ហួសទៅទស្សនាចម្ការក្រូចពោធិ៍សាត់របស់អ្នកពោធិ៍សាត់ពិតៗ និងភ្លក្សរសជាតិក្រូចអ្នកស្រុកដើមនេះ៕ ល្បាក់ទឹកហូរធ្លាក់លើថ្មដែលផុសចេញពីផ្ទៃបាតស្ទឹងពោធិ៍សាត់នារដូវវស្សា។ ប្រវត្តិរបស់ល្បាក់កំរោញនេះគឺ នៅទីនេះកាលពីដើមឡើយមានផ្ទាំងថ្មមួយធំប្រៀបបានដូចជាជញ្ជាំង ដែលរាំងកាត់ស្ទឹងបង្កើតបានទៅជាល្បាក់ទឹកហូរធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់សូម្បីតែហ្វូងមច្ឆជាតិគ្រប់ប្រភេទក៏កម្រនឹងហែលឆ្លងផុតពីល្បាក់ទឹកនេះណាស់។ អ្នកស្រុកភូមិទីនេះនាំគ្នាហៅថា «ល្បាក់កម្រទៅរួច»គឺគ្រប់អ្នកដំណើរកម្រនឹងឆ្លងផុតល្បាក់ទឹកនេះណាស់ ទើបយារក្លាយមកជា ល្បាក់កំរោញ។ ដោយសារហេតុផលនេះហើយគេក៏យកកន្លែងនេះធ្វើជាកន្លែងចំណតរង់ចាំអ្នកឡើងពីក្រោម និងអ្នកចុះពីលើដើម្បីលក់អីវ៉ាន់ឬដោះដូរអីវ៉ាន់គ្នាទៅវិញទៅមក។ កាលដើមល្បាក់កំរោញនេះសំបូរមច្ឆាណាស់ព្រោះវាមិនអាចហែលឆ្លងកាត់រួច ទើបអ្នកស្រុកនៅម្ដុំនោះតែងតែទៅចាប់យកមកធ្វើជាប្រហុក ផ្អក ងៀត និងឆ្អើរសម្រាប់លក់ដូរបានទៀតផង។ ឈ្មួញរកស៊ីកាប់ព្រៃឈើបានមកធ្វើសកម្មភាពនៅទីនោះ រួចគេបានបង្អូសឈើជាក្បួនបានជួបការលំបាកនឹងផ្ទាំងថ្មល្បាក់ទឹកនោះ ទើបពួកគេបានដាក់មីនបំផ្លាញចោលផ្ទាំងថ្មដ៏ធំនោះ ដែលមកដល់ពេលនេះនៅសល់តែបំណែកបាក់បែកតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏បច្ចុប្បន្នល្បាក់កំរោញនៅតែមានទេសភាពដ៏ស្រស់ស្អាត គង្គាថ្លាឆ្លុះដល់បាតស្ទឹង ទឹកហូរធ្លាក់ជាដំណាក់ៗខួបប្រាំងវស្សាសម្រាប់ភ្ញៀវទេសចរងូតកម្សាន្តដដែល។
