ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥
ខេត្តព្រៃវែង
ប្រាសាទវិហារច័ន្ទ ស្ថិតនៅជើងភ្នំ បាភ្នំ ក្នុងភូមិរោងដំរី ឃុំជើងភ្នំស្រុកបាភ្នំ ខេត្តព្រៃវែង ពោលគឺនៅក្នុងបរិវេណ រមណីយដ្ឋាននគរភ្នំដែរ ។ ប្រាសាទនេះ មានលក្ខខណៈទ្រុធទ្រោម និងត្រូវបានមើលរំលងពីសំណាក់អ្នកដែលរស់នៅក្នុងតំបន់ ។ ហើយប្រាសាទនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាទីតាំង បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ផងដែរ ។យ៉ាងណាមិញ មិនមានឯកសារជាក់លាក់ណាមួយអំពីប្រវត្តិ ប្រាសាទវិហារច័ន្ទ ឡើយដោយឯកសារខ្លះនិយាយថា ប្រាសាទនេះបានកសាងឡើងក្នុងចន្លោះពីសតវត្សទី១ ដល់ចុងសតវត្សទី៦ នៃគ្រិស្តសករាជ ឬអាចរាប់បានថាក្នុងសម័យនគរភ្នំ។ ប៉ុន្តែបើតាមឯកសារមួយចំនួនបានបង្ហាញថា ប្រាសាទនេះត្រូវបានស្ថាបនាឡើង នាសម័យអង្គរដើម្បី ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ចំណែកឯសៀវភៅ ប្រវត្តិស្រុកបាភ្នំ ដែលស្រាវជ្រាវដោយលោក ឡុង គារ ក៏បានបង្ហាញដែរថា ថ្មសង់ប្រាសាទវិហារច័ន្ទ មានលក្ខណៈ ដូចគ្នានឹងថ្មសង់ប្រាសាទអង្គរវត្ត។
