ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ខេត្តព្រះសីហនុ
ឆ្នេរអូរត្រេះ ជាឆ្នេរស្រស់ស្អាតជាងគេក្នុងប្រទេសកម្ពុជា និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមឆ្នេរសមុទ្រស្អាតៗទាំងអស់ទូទាំងពិភពលោកកាលពីឆ្នាំ២០១៥ បើយោងតាមក្រុមហ៊ុនកម្មវិធីស្ដីពីទេសចរទូទាំងពិភពលោក TripAdvisor ទោះបីជាប្រជាជនក្នុងស្រុកមិនសូវជាទៅលេងប៉ុន្មានក៏ដោយ ផ្ទុយទៅវិញបែរជាទាក់ទាញបានសុទ្ធសឹងតែភ្ញៀវបរទេសទាំងអស់។ទាំងនេះក៏ព្រោះតែវាជាឆ្នេរនៅដាច់ស្រយាលពីឆ្នេរដទៃ មានបរិយាកាសស្ងប់ស្ងាត់ល្អ សោភណ្ឌភាពស្រស់បំព្រង មានដើមឈើខៀវស្រងាត់អមតាមបណ្ដោយឆ្នេរ មានខ្សាច់សក្បុស ជាពិសេសពេលឆ្លុះចាំងជាមួយពន្លឺព្រះអាទិត្យ វាហាក់ដូចជាត្បូងពេជ្ររំលេចពណ៌យ៉ាងដូច្នោះដែរ បូករួមនឹងទឹកសមុទ្រថ្លាឈ្វេងមានចលនាទៅតាមខ្យល់បង្កើតបានជារលកបកប៉ះច្រាំង ព្រមទាំងអាចមើលឃើញកោះនានាដែលនៅក្បែរនោះទៀតគ្រប់យ៉ាងគឺជាក្ដីសុខ បើបានអង្គុយមើលព្រះអាទិត្យអស្ដង្គតទៀតគឺការតែប្រសើរ ជីវិតហាក់មានន័យក្នុងដំណើរកម្សាន្តមួយនេះ។វាជាឆ្នេរដែលស្ថិតនៅភាគខាងត្បូងនៃឆ្នេរអូរឈើទាល ដែលជាឆ្នេរសម្បូរទៅដោយអ្នកទេសចរ។លើសពីទីកន្លែងស្រស់ស្អាត និងមានបរិយាកាសល្អសម្រាប់អ្នកទេសចរដែលទៅសម្រាកក្រោយពីការងារដ៏ហត់នឿយហើយ លោកអ្នកអាចធ្វើជារឿងច្រើនទទឹមនឹងទៅលេងទីនោះផងដែរ។
- ជិះកាយ៉ាក់ ឬជិះWindsurf ៖ ទៅលេងតំបន់ទឹកហើយបើមិនជិះស្អីលេងគឺវាមិនកើត ពិតទេ? ដូច្នេះហើយការជួលកាយ៉ាក់ ឬជួលវីងសួហ្វ(Windsurf)ជិះ លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកថ្មី បានកម្សាន្តសប្បាយលើរលកនៃសមុទ្រ។ ម្យ៉ាងវិញទៀត សមុទ្រស្ងប់ស្ងាត់ល្អពីខែមករា ដល់ខែមេសា ផ្តល់លក្ខខណ្ឌល្អប្រសើរសម្រាប់អ្នកចាប់ផ្តើមដំបូង។
- ដេកហាលថ្ងៃ៖ត្រឹមតែលាបឡេការពារកំដៅថ្ងៃរួចលោកអ្នកអាចដេកសណ្ដឹលនៅលើប៉ៅអ៊ីស្ដាប់សំឡេងរលកសមុទ្រ ហើយដកដង្ហើមមួយៗប៉ះជាមួយខ្យល់បក់ពីខាងសមុទ្រមកគឺពិតជាមានអារម្មណ៍ល្អមែនទែន បើមិនសាកគឺមិនដឹងឡើយ។
- ថតរូប៖ ដោយឆ្នេរនេះមានទេសភាពស្អាតគួបផ្សំមានឆ្នេរខ្សាច់សក្បុស និងដើមឈរតាមបណ្ដោយឆ្នេរ ធ្វើឲ្យយើងអាចថតផ្ដិតបាននូវរូបភាពស្អាតៗដោយមិនពិបាក។
- ទំនាក់ទំនង៖នៅក្បែរៗឆ្នេរនេះអ្នកស្រុក ពួកគាត់រួសរាយណាស់ លោកអ្នកអាចទៅនិយាយប្រាស្រ័យទាក់ទង ផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធយ៉ាងជក់ចិត្ត ហើយក៏ទទួលបាននូវការចងចាំមួយដែលមិនអាចបំភ្លេចបាន។
- ជួលម៉ូតូដើរលេង៖លោកអ្នកអាចជួលម៉ូតូ ឬកង់ជិះមើលម្ដុំឆ្នេរនេះបានដោយរីករាយ ព្រមទាំងអាចរុករានដល់ភូមិតូចៗដែលនៅម្ដុំនោះទៀតផងដើម្បីឃើញពីការរស់នៅរបស់អ្នកស្រុកនេះ។
- លេងកោះត្រេស ដែលជាកោះតូចមួយនៅក្បែរនោះ វាសម្បូរទៅដោយដើមឈើ ប៉ុន្តែមិនសូវជាមានមនុស្សទៅប៉ុន្មានទេ។
- រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ពាក់កណ្តាលអធ្រាត្រជនបរទេសក្នុងស្រុកប្រមូលផ្ដុំគ្នាបរិភោគអាហារ មានលក់គ្រឿងកាឡៃ និងមានមនុស្សកកស្ទះអមដោយការប្រគុំតន្រ្តីបន្តផ្ទាល់។ រាត្រីដ៏ខ្មៅងងឹតបែរជាមានពន្លឺភ្លើងចម្រុះពណ៌ និងមានទីតាំងល្អៗ ផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកបានដោយមិនគួរឲ្យជឿ។
និងសកម្មភាពផ្សេងៗទៀតដូចជា ដណ្ដើរកម្សាន្តតាមទូក ជិះសេះ និងស្ទួចត្រី។
