ខេត្តឧត្តរមានជ័យ : ប្រាសាទ​តា ក្របី

 ប្រាសាទ​តា ក្របី ​ចាប់ផ្តើម​មាន​កេរ្តិ៍​ឈ្មោះល្បីល្បាញ​ក្រោយ​ពេល​​ទាហាន​កម្ពុជា និង​ថៃ វាយ​ប្រយុទ្ធគ្នា ដើម្បី​គ្រប់គ្រង​ប្រាសាទចំណាស់នេះ។ បច្ចុប្បន្ន​ទីតាំង​ប្រាសាទមាន​ទាំង​ទាហានខ្មែរថៃ​​ឈរជើង​ តែ​ភ្ញៀវទេសចរ​នៅតែ​អាច​ទៅ​ទស្សនា​បាន​ជា​ធម្មតា។ប្រាសាទតាក្របី ឬប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២។ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ ប្រាសាទមានទីតាំងស្ថិតនៅ ភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងពេលកាលពីប៉ុន្មានសិបឆ្នាំមុនថា កងទាហានកម្ពុជា និងថៃ មានការវាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះ។ប្រាសាទតាក្របី មានចម្ងាយប្រមាណ៨៥គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ។ ដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវក្រួសក្រហម ចេញពីទីប្រជុំជន ក្រុងសំរោងតាមទិសខាងលិច។នៅតាមផ្លូវមានព្រៃឈើ ដែលកន្លែងខ្លះនៅក្រាស់ កន្លែងខ្លះឡើងស្ដើង ដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវកន្លងមក។ នៅលើប្រាសាទតាក្របី មានទាហានថៃ និងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។នៅលើប្រាសាទតាក្របី មានទាហានថៃចំនួន២នាក់អង្គុយនៅក្បែរប្រាសាទ។ចំណែកនៅក្បែរនោះដែរ មានទាហានខ្មែរចំនួន៣នាក់ ក៏ដើរល្បាតជុំវិញប្រាសាទតាក្របីដែរ។ទាហានខ្មែរ និងថៃទាំង៥នាក់នោះ មិនឲ្យមានកាន់អាវុធឡើយ។ ទាហានខ្មែរមួយរូប ដែលសុំមិនចេញឈ្មោះបានឲ្យដឹងថា ការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំង ២ប្រទេសនេះ គឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នា និងមានភាពតានតឹងរវាងគ្នា និងគ្នា។ ប្រភពទាហានខ្មែរបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងថៃ អាចចូលទៅមើលប្រាសាទ តាក្របីនោះបាន ដោយមានទាហានជូនដំណើរ។ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះជារបស់ខ្មែរ។

-លោក សំបូរ មាណ្ណារ៉ា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបញ្ញាសាស្ត្រ បានមានប្រសាសន៍ថា តាមប្រវត្តិសាស្ត្រ ប្រាសាទតាក្របីកសាងឡើងក្នុងសតវត្សទី១១ និង ១២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។លោក សំបូរ មាណ្ណារ៉ា៖ «ចំពោះទស្សនៈ នៃការកសាងប្រាសាទ ជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេព។ បើអាទិទេពជាព្រះឥសូរ គឺគេឲ្យតម្លៃទៅលើព្រះឥសូរ បើគេគោរពព្រះវិស្ណុ គេឲ្យតម្លៃទៅលើព្រះវិស្ណុ។ ក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំ ប្រាសាទនេះ គឺឧទ្ទិសថ្វាយចំពោះ ព្រះឥសូរច្រើនជាង។ប្រាសាទតាក្របីមានឈ្មោះពិត តាមទស្សនៈខ្មែរឈ្មោះ ប្រាសាទព្រះដង្វាយ»។

-លោក ឈុំ សុជាត ជាអ្នកនាំពាក្យក្រសួងការពារជាតិ។ លោកបានមានប្រសាសន៍ថា មិនមានគោលការណ៍យាមល្បាតរួមគ្នារវាងទាហានខ្មែរ ជាមួយទាហានថៃ នៅតំបន់ប្រាសាទតាក្របី និងតាមាន់នោះឡើយ។លោក ឈុំ សុជាត៖ «នៅប្រាសាទតាក្របីនោះ វានៅកៀកព្រំដែន។ ប្រាសាទនោះមានចម្ងាយ១៤ ឬ១៥ម៉ែត្រពីព្រំដែនប៉ុណ្ណោះ ហើយថៃគេមកត្រឹមព្រំដែនគេ ហើយយើងនៅត្រឹមព្រំដែនយើងហ្នឹង។ ការជួបជុំនោះ ជួនកាលជាមនោសញ្ចេតនា ទៅហូបបាយហូបទឹកអីជាមួយគ្នាហ្នឹងណា។ អត់មានយាមកាមអីជុំគ្នាទេ»។

-លោក ហុក សុវិទ្យា ជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍ឲ្យដឹងថា ប្រាសាទតាក្របីនេះ អាចមានលទ្ធភាពរៀបចំ ជាតំបន់ទេសចរណ៍បាន។ ប៉ុន្តែដោយសារនៅមានទាហានខ្មែរ និងថៃយាមការពារ ក្បែរប្រាសាទនេះ ហើយប្រាសាទនោះនៅក្នុងតំបន់ ដែលអាចមានការប្រយុទ្ធគ្នានោះ ទើបមន្ទីរទេសចរណ៍ខេត្ត មិនទាន់អាចរៀបចំធ្វើអ្វីដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យទៅលេងបាននៅឡើយទេនៅបច្ចុប្បន្ននេះ។លោក ហុក សុវិទ្យា៖ «ឥឡូវនេះវានៅក្នុងការការពាររបស់កម្លាំងកងខេមរភូមិន្ទយើង។ ថ្ងៃក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សព្វគ្រប់ហើយអស់។កន្លែងនោះនឹងក្លាយជារមណីយដ្ឋានទេសចរណ៍ហើយ»។ ប៉ុន្តែលោកបានឲ្យដឹងថា រៀងរាល់ថ្ងៃបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំ តែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះ។ ក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំង២នោះដែរ គ្រាន់តែមានចំនួនតិចតួច ជាពិសេសលោកយាយចាស់ៗ តែងតែម៉ៅឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធី បន់ស្រន់នៅប្រាសាទលើជួរភ្នំដងរែកនោះ។បើលោកអ្នកស្ដាប់ចង់ទៅទស្សនាប្រាសាទតាក្របីសុំកុំភ្លេចខ្ចប់បាយ និងទឹកទៅផង ពីព្រោះ នៅតំបន់ប្រាសាទនេះមិនមានហាងលក់បាយទឹក ដូចតំបន់ទេសចរណ៍នានានោះឡើយ

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ប្រាសាទ​ដំរី​ទ្រោម

ខេត្តឧត្តរមានជ័យ

Photo
ទឹក​ជ្រោះដាចំប៉ី

ខេត្តឧត្តរមានជ័យ

Photo
ស្ពានទ័ព

ខេត្តឧត្តរមានជ័យ

Photo
ប្រាសាទតាមាន់ធំ

ខេត្តឧត្តរមានជ័យ

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ប្រាសាទអង្គរវត្ត