ខេត្តកំពង់ស្ពឺ : ភ្នំខ្នងផ្សា
ភ្នំខ្នងផ្សា - Khnang Phsa Mountain ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។ វាមានកំពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សា មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីភ្នំពេញ។
+ក្នុងដំណើរកំសាន្តមួយនេះ លោកអ្នកគួរដឹង និងត្រៀមនូវសម្ភារៈមួយចំនួនដូចជា៖
-កាតាប ស្បែកជើង ស្រោមជើងកវែង ឈើច្រត់ ស្រោមដៃ មួក ពិល ខោអាវជើងវែងដៃវែង ស្រាលៗ ដែលឆាប់ស្ងួតញើស
-ម្ស៉ៅលាបជើងការពារសត្វទៀក ប្រេងលាបកំដៅសាច់ដុំមុនដើរ និងក្រោយដើរ
ថ្នាំពេទ្យ ក្រដាស
-តាមផ្លូវពេលធ្វេីដំណេីរឡើងកំពូលភ្នំ គួរដាក់ទឹកសម្រាប់ញុាំយ៉ាងតិចម្នាក់១-២ដបធំ
-ការបរិភោគលើកំពូលភ្នំ៖ គួរត្រៀមអាហារណាក្រៀមៗទុកបានយូរ ស្រាលដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក។ ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ សម្រាប់ជាអាហារពេលព្រឹក ។ ទឹកនៅទីនេះ រៀងពិបាកបន្តិចជាពិសេសនៅពេលរដូវប្រាំង តែមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញុាំ ឬធ្វេីម្ហូប ប៉ុន្តែគួរត្រៀមខ្លួនឯង ជាការប្រសើរ។
-ការសម្រាកនៅលេីកំពូលភ្នំ៖ យេីងគួរត្រៀម ឬជួលតង់ពីសហគមន៍។ លោកអ្នក គួរត្រៀមអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង។
+នៅលើកំពូលភ្នំ លោកអ្នកនឹង៖
-ទទួលអារម្មណ៍ស្រស់ស្រាយ និងទេសភាពដ៏ស្រស់ស្អាត
-លំហែអារម្មណ៍ និងបំបាត់អស់ទុក្ខកង្វល់
-ថតរូប
-ថ្ងៃរះ ថ្ងៃលិច
-ទេសភាពពពក