ខេត្តកំពត : សហគមន៍ត្រពាំងសង្កែ
មានទីតាំងនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត សហគមន៍ត្រពាំងសង្កែ ជាតំបន់ទអេកូ-ទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលហ៊ុមព័ទ្ធទៅដោយព្រៃកោងកាងយ៉ាងស្រស់ស្អាត។ គេហទំព័រមន្ទីរទេសចរណ៍ខេត្តកំពត បានសរសេរថា ការជិះទូកកម្សាន្តនៅកណ្តាលជួរព្រៃកោងកាងដ៏វែង តូប និងស្ពានឈើដែលសាងសង់ឡើងដើម្បីឲ្យទេសចរអាចដើរកម្សាន្តនៅក្នុងព្រៃកោងកាង និងផ្ដិតយករូបភាពជាមួយធម្មជាតិយ៉ាងប្លែកភ្នែក គឺជាទិដ្ឋភាពដែលទេសចរតែងទៅកម្សាន្តម្តងហើយ ម្តងទៀត។ មិនត្រឹមតែបានសម្រាកលម្ហែកាយទេ ទេសចរដែលទៅកម្សាន្តនៅទីនោះ ក៏បានចូលរួមលើកស្ទួយជីវភាពប្រជាសហគមន៍ និងអាចចូលរួមដាំដើមកោងកាងផងដែរ។ ហទំព័រមន្ទីរទេសចរណ៍ខេត្តកំពត សរសេរដូច្នេះ៖ «នៅសហគមន៍ត្រពាំងសង្កែ ទេសចរអាចជួលទូក តម្លៃត្រឹម ៦ម៉ឺនរៀល ដែលអាចជិះបានគ្នារហូតដល់១២នាក់ រួចចំណាយ៤ពាន់រៀល ទិញដើមកោងកាងដាំនៅទីនោះ ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ និងជាផ្នែកជួយបរិស្ថានផងដែរ»។ ក្រៅពីនេះ ទេសចរក៏អាចជិះទូកកៃយ៉ាក់ និងងូតទឹកលេងផងដែរ។ អ្វីដែលពិសេស ទេសចរក៏អាចស្នាក់នៅបឹងកាឡូ ក្នុងសហគមន៍ត្រពាំងសង្កែ ដែលមានតម្លៃត្រឹមមួយយប់ ៤ម៉ឺនរៀល ហើយក៏ទាក់ទងទៅសហគមន៍នៅទីនោះ ដើម្បីរៀបចំកញ្ចប់ ការស្នាក់នៅ និងម្ហូបអាហាដែលមានតម្លៃទាប សម្រាប់ការស្នាក់នៅច្រើនថ្ងៃផងដែរ។ នេះបើតាមគេហទំព័រដដែល៕