ខេត្តកែប : កាហ្វេលើភ្នំកែប LED ZEP CAFE
ខេត្តកែបដែលជាខេត្តមួយដែលយើងទាំងអស់គ្នាសុទ្ធតែដឹងថាជាកន្លែងស្រូបខ្យល់អាកាសលេងទឹកសមុទ្រនិងរីករាយជាមួយការញ្ញាំគ្រឿងសមុទ្រនៅឯផ្សារក្តាម។ ប៉ុន្តែក្រៅពីនេះយើងក៍មានកន្លែងមួយសំរាប់អ្នកទេសចរទាំងអស់គួរតែទៅបន្ទាប់ពីធ្វើរឿងទាំងខាងលើហើយនោះគឺការចំណាយពេលភ្លក់រសជាតិកាហ្វេដែលមានទីតាំងនៅលើភ្នំ(KEP NATIONAL PARK)។ឃើញតែគេទៅថតរូប ផឹកកាហ្វេលើភ្នំឡើងទំនង ទេសភាពក៏ឡូយដែរ។ មានដឹងអត់ថាកាហ្វេលើភ្នំហ្នឹងមានទីតាំងនៅណា? ចាំ Admin ប្រាប់ កាហ្វេលើភ្នំហ្នឹងមានឈ្មោះថា Led Zep Cafe មានទីតាំងនៅលើភ្នំកម្ពស់ ៣៥ ម៉ែត្រស្ថិតក្នុងខេត្តកែបយើងហ្នឹងសោះ។ សំខាន់ឡើងទៅដល់ទេសភាពស្អាតពិបាកពណ៌នាណាស់ មានដើមឈើធំៗ ថែមទាំងមើលឃើញផ្ទៃសមុទ្រពណ៌ខៀវស្រងាត ដ៏ធំល្វឹងល្វើយទៀតផង អ្នកបានទៅលេងកែប កុំភ្លេចឈៀងចូលសាកមើលណា បើមិនជឿមើលរូបសិនក៏បាន។ចំពោះតម្លៃវិញក៏គួរសមដែរ កាហ្វេគឺចាប់ពី ៥០០០ រៀលឡើងប៉ុណ្ណោះក្នុងមួយកែវ។ មិនមែនមានលក់តែកាហ្វេទេ Led Zep Cafe ក៏មានលក់ជានំប៉័ង នំរ៉ូទី និងអាហារផ្សេងៗទៀតដែរ។ ចង់ដឹងកុំភ្លេចបបួលមិត្តភក្តិឈៀងចូលលេងណា។ហើយក្នុងនោះដែរ ក្រៅពីចំណុចលេចធ្លោនៃការសាងសង់តូបកាហ្វេនៅលើភ្នំ គេសង្កេតឃើញថា មុនពេលឡើងទៅដល់តូបកាហ្វេនេះ ជាដំបូងយើងត្រូវធ្វើដំណើរដោយម៉ូតូ ឬឡានឡើងទៅ ហើយតាមផ្លូវឡើងទៅម្ខាងមានឃើញឆ្នេរ និងម្ខាងទៀតមានព្រៃប្រឹក្សាធម្មជាតិពណ៍បៃតងស្រស់ជាមួយនឹងខ្យល់បក់តិចៗផងនោះ ធ្វើឱ្យអារម្មណ៍អ្នកដំណើរហាក់ស្រស់ស្រាយបន្តិច។ក្រោយធ្វើដំណើរប្រមាណជា ១០នាទីយើងក៏ទៅដល់កន្លែងផ្ញើរម៉ូតូឬឡាន ហើយយើងក៏ត្រូវបន្តធ្វើដំណើរថ្មើជើងប្រមាណ ៣០០ម៉ែត្រឆ្ពោះទៅកាន់កាហ្វេភ្នំ បន្ទាប់ពីធ្វើដំណើរមួយសន្ទុះយើងក៏ទៅដល់កាហ្វេភ្នំ ពេលឡើងទៅដល់អ្នកនឹងឃើញតូបកាហ្វេមួយជាមួយនឹងតុអង្គុយ អង្រឹង ទោងដែលគេរៀបចំយ៉ាងសមសួនសម្រាប់ឱ្យភ្ញៀវអង្គុយថតរូបលេង និងមើលទេសភាពដ៏ស្រស់ស្អាតពីលើភ្នំទៅ។ម្ខាងជាសមុទ្រ ម្ខាងជាធម្មជាតិ រួមជាមួយការចាក់ចម្រៀងបន្តិចផងនោះ ធ្វើឱ្យបរិយាកាសនៅទីនោះកាន់តែអស្ចារ្យ ជួយធ្វើឱ្យអារម្មណ៍ហត់នឿយនៃការធ្វើដំណើរកន្លងមករបស់ភ្ញៀវហាក់បាត់ទៅអស់ដោយជំនួសមកវិញនៅស្នាមញញឹម និងភាពរីករាយ។ក្រៅពីចំណុចទាក់ទាញនៃបរិយាកាស ចំណុចដែលធ្វើឱ្យភ្ញៀវចាប់អារម្មណ៍នោះគឺតម្លៃ ត្បិតតែជាតូបដែលបើកនៅលើភ្នំ គ្រឿងផ្សំទាំងអស់ត្រូវប្រមូលទិញពីកន្លែងឆ្ងាយយកមកធ្វើក៏ពិតមែនប៉ុន្តែតម្លៃដែលលក់ឱ្យភ្ញៀវគឺជាតម្លៃទូទៅ មិនថ្លៃពេកហើយក៏មិនថោកពេក ដែលធ្វើឱ្យគ្រប់យ៉ាងនៅទីនោះកាន់តែទាក់ទាញខ្លាំងបន្ថែមទៀត។បន្ថែមពីលើនៃចំណុចទាំង ២ខាងលើ អ្វីដែលធ្វើឱ្យកាហ្វេភ្នំមានគេទៅលេងច្រើនកុះករនោះគឺសេវាកម្មរបស់បុគ្គលិកនៅទីនោះ គ្រាន់តែពេលភ្ញៀវឡើងទៅដល់ភ្លាម បុគ្គលិកនៅទីនោះនឹងនិយាយសួស្តីទៅកាន់ភ្ញៀវភ្លាមជាមួយទឹកមុខញញឹមស្រស់ និងកាយវិការទន់ភ្លន់ និងការយកចិត្តទុកដាក់ចំពោះភ្ញៀវ មើលទៅគឺកក់ក្តៅខ្លាំង ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនបានធ្វើដំណើរទៅលេងឆ្នេរកែបគួរតែឈាងចូលលេងកាហ្វេភ្នំ ព្រោះនៅទីនោះអាចធ្វើឱ្យដំណើរកំសាន្តរបស់បងប្អូនកាន់តែសប្បាយបន្ថែមទៀត ព្រោះបរិយាកាសនៅទីនោះគឺស្រស់ស្អាតខ្លាំងណាស់ ហើយជម្រើសល្អអ្នកគួរទៅនៅអំឡុងពេលព្រឹកម៉ោង ៩ ឬ ១០ ជាពេលមួយដែលល្អ ព្រោះស្ងាប់ស្ងាត់មិនសូវមានភ្ញៀវច្រើន ម្យ៉ាងបរិយាកាសពេលព្រឹកត្រជាក់និងស្រស់ស្អាតជាងពេលរសៀល៕