ឧកញ៉ា ឆាយ ស៊ីវលីន បានចូលរួមជួបប្រជុំក្រុមវិនិយោគិនពីប្រទេសមជ្ឈឹមបូព៌ា

ទីក្រុងហូជីមិញ នាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមវិនិយោគិនពីបណ្តាប្រទេសមជ្ឈឹមបូព៌ា ដែលកំពុងប្រកបអាជីវកម្មលើវិស័យផ្សេងៗ នៅទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ Rex Hotel។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៃនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងកាលានុវត្តវិនិយោគ ដែលកម្ពុជាបើកទូលាយសម្រាប់វិនិយោគិនអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមវិនិយោគិនចំពោះចំណាប់អារម្មណ៍លើសក្តានុពលវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងឱកាសវិនិយោគនៅកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សុវត្ថិភាព និងសន្តិសុខសម្រាប់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ រួមទាំងយន្តការលើកទឹកចិត្ត និងការធានាជូនវិនិយោគិន។ កម្ពុជាមានសក្តានុពលទេសចរណ៍ខ្លាំងក្លា ជាទីផ្សារថ្មីកំពុងរីកចម្រើន មានកម្លាំងពលកម្មសកម្ម ប្រកបដោយគុណភាព និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព កក់ក្តៅ និងទាក់ទាញ ហើយនៅតែប្រកាន់ជំហររឹងមាំលើការថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសមិត្តទាំងអស់ ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់។ កម្ពុជាក៏បានត្រៀមខ្លួនជាស្រេច ក្នុងការទទួលស្វាគមន៍ និងបម្រើបដិសណ្ឋារកិច្ចទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) ផងដែរ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ