វេទិកា «សៀមរាបឆ្នាំ២០២៦ និងទៅអនាគត»

សមាគមទេសចរណ៍កម្ពុជា បានរៀបចំវេទិកា «សៀមរាបឆ្នាំ២០២៦ និងទៅអនាគត» ក្រោមប្រធានបទ «ការបង្កើតរូបភាពថ្មីនៃច្រកទ្វារទេសចរណ៍» ដើម្បីប្រមូលផ្ដុំភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ រួមគ្នាពិភាក្សា និងកំណត់ទិសដៅរួមសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប លើសពីតំបន់អង្គរ។ វេទិកានេះផ្តោតលើការតភ្ជាប់ ការពិពិធកម្មផលិតផលទេសចរណ៍ នវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ស្របតាមគោលនយោបាយជាតិ និងអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ 

ថ្លែងក្នុងវេទិកានេះ ឧកញ៉ា ស៊ីវលីន ឆាយ ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ក្នុងរយៈពេលកន្លងមក សមាគម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ បានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបមានភាពធន់ និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។ ខេត្តសៀមរាបនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។លោកជំទាវក៏បានបញ្ជាក់ថា ខេត្តសៀមរាបជាប៉ូលទេសចរណ៍ដ៏សំខាន់ ដែលមានធនធានទេសចរណ៍សម្បូរបែប រួមមាន វប្បធម៌ បេតិកភណ្ឌ អេកូទេសចរណ៍ និងអត្តសញ្ញាណប្រពៃណីខ្មែរ ដែលជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរ មិនមែនមានតែប្រាសាទប៉ុណ្ណោះទេ។

នៅក្នុងវេទិកានេះផងដែរ លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប មិនត្រឹមតែជាទឹកដីនៃបេតិកភណ្ឌវប្បធម៌ល្បីល្បាញរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកទ្វារសំខាន់សម្រាប់ការតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាទៅកាន់តំបន់ និងពិភពលោកផងដែរ។ លោកបានបន្ថែមថា ក្នុងបរិបទនៃការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ជាសកល ការកសាងរូបភាពថ្មី និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ គឺជាចំណុចសំខាន់ក្នុងការធានាឱ្យគោលដៅទេសចរណ៍មានការអភិវឌ្ឍប្រកបដោយចីរភាព។ វេទិកានេះបានបង្កើតឱកាសសម្រាប់ស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងដៃគូពាក់ព័ន្ធ ទាំងអស់បានជួបពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកគំនិតច្នៃប្រឌិត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យកាន់តែមានភាពសម្បូរបែប ទាក់ទាញ និងប្រកួតប្រជែងលើឆាកតំបន់ និងអន្តរជាតិ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ចាប៉ីដងវែង

image

ប្រាសាទកោះកេរ

image

ល្បែងទាញព្រ័ត្រកម្ពុជា